|
១.ប្រវត្តិរបស់អង្គការសេដាក
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)គឺជាអង្គការកសិកម្មនិងអភិវឌ្ឍន៍ជនបទដែល បានបង្កើតឡើងនៅខែសីហា ឆ្នាំ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថាហ្គ្រេត ។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែក កសិកម្មជាលក្ខណៈគ្រួសារតាម គោលការណ៍ធម្មជាតិ និងដើម្បីជម្រុញចលនាសហការ និងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ ជនបទនៃប្រទេសកម្ពុជា ។
រហូតមកដល់ខែ មិថុនា ឆ្នាំ២០១០ នេះ សេដាក មានបុគ្គលិកចំនួន ២៩៧ នាក់ (ស្រ្តី៩៥នាក់) កំពុងធ្វើការជាមួយ សេដាក (បុគ្គលិកចំនួន ២៦៣នាក់ ឬ ៨៨,៥៣% ធ្វើការជាបុគ្គលិកបច្ចេកទេស និងបុគ្គលិក៣៤នាក់ ឬ ១១,៤៥% ជាបុគ្គលិករដ្ឋបាល ឬជំនួយការ)។ សេដាក បាននឹងកំពុងតែធ្វើការយ៉ាងសកម្មនៅក្នុងភូមិចំនួន ប្រមាណ ៣៤០៤ភូមិ ៥៩៩ឃុំ ៩៩ស្រុក នៅក្នុងខេត្តចំនួន ២០ ទូទាំងប្រទេសកម្ពុជា។ កសិករប្រមាណ ១០១,០០០ គ្រួសារ បានទទួលផលប្រយោជន៍ពីកម្មវិធីកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់យើង ។ កសិករមកពីភូមិចំនួន ១១១៤ នៅក្នុង ១៣ខេត្ត ត្រូវបានគាំទ្រនិង ជម្រុញឲបង្កើតជា សមាគមកសិករនៅតាមភូមិដែលត្រូវបានចងក្រង សហព័ន្ធជាបណ្តាញថ្នាក់ជាតិ ដែលយើងហៅថា បណ្តាញកសិករនិងធម្មជាតិ ។
២.ចក្ខុវិស័យនិងបេសកកម្ម
សេដាក មានចក្ខុវិស័យចង់បានសង្គមកម្ពុជាមួយ ដែលគ្រួសារកសិករមានជីវភាពធូរធារ មានការ សហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ មានសិទ្ធិនិងអំណាចក្នុងការកំណត់ជោគវាសនាដោយខ្លួនឯង ព្រមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់
ស្បៀងអាហារប្រកបដោយសុវត្ថិភាពដល់សង្គម ទាំងមូល ។
សេដាក មានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការធ្វើការដើម្បីបង្កើនគុណភាពជីវិត
របស់គ្រួសារកសិករ និង អ្នកបរិភោគតាមរយៈការអភិវឌ្ឍន៍កសិកម្មជា
លក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង សហគ្រាសកសិកម្ម
ដែលមានការទទួលខុសត្រូវចំពោះសង្គម ។
៣.សង្ខេបកម្មវិធីសំខាន់ៗ
កម្មវិធី និងសេវាកម្មសំខាន់ៗ របស់សេដាក រួមមានៈ
- កម្មវិធីអភិវឌ្ឍន៍កសិកម្ម និងសង្គម
- កម្មវិធីគាំទ្រសហគ្រាសកសិកម្ម
- វិទ្យាស្ថានអភិវឌ្ឍន៍មូលដ្ឋាន សេដាក ។
៣.១.កម្មវិធីអភិវឌ្ឍន៍កសិកម្មនិងសង្គម
សកម្មភាព និងសេវាកម្មសំខាន់ៗរបស់កម្មវិធីអភិវឌ្ឍន៍កសិកម្មនិងសង្គមរួមមានៈ
៣.១.១.កម្មវិធីនៅតាមមូលដ្ឋាន
- ការស្រាវជ្រាវពិសោធន៍ និងផ្សព្វផ្សាយដែលដឹកនាំដោយកសិករ
- បង្កើនសមត្ថភាពដល់អង្គការ និងបណ្តាញអ្នកផលិត ក៏ដូចជាផ្សារភ្ជាប់ពួកគេទៅនឹងទីផ្សារ
- ការបង្កើនសមត្ថភាពដល់ក្រុម និងបណ្តាញសន្សំប្រាក់នៅតាមមូលដ្ឋាន
- ការបង្កើនសមត្ថភាពដល់សហគមន៍អ្នកប្រើប្រាស់ទឹក
- ការបង្កើនកម្រិតជីវភាពរស់នៅ និងស្ថានភាពរស់នៅរបស់ក្រុមជនក្រក្រីជនងាយរងគ្រោះ និងក្រុមដែលគេមិនសូវរាប់រកនៅក្នុងសង្គម
- ការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃអភិបាលកិច្ចមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ
៣.១.២.ស្រាវជ្រាវ និងការបោះពុម្ពផ្សាយ
- ធ្វើការសិក្សាពីលទ្ធភាពរបស់គម្រោង ការសិក្សាវាយតម្លៃគម្រោង
- ការសិក្សាស្រាវជ្រាវទៅលើវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម
- ការសិក្សាលើសកម្មភាពដើម្បីអភិវឌ្ឍន៍គំនិតផ្តួចផ្តើម
៣.១.៣.ការផ្សព្វផ្សាយ
- ទស្សនាវដ្តីកសិករប្រចាំខែ
- កូនសៀវភៅតូចៗសម្រាប់កសិករ និងអ្នកធ្វើការផ្សព្វផ្សាយ
- ឧបករណ៍សម្រាប់ជំនួយដល់ការបណ្តុះបណ្តាលរៀនសូត្រ និងផ្សព្វផ្សាយ
៣.២.កម្មវិធីគាំទ្រសហគ្រាសកសិកម្ម
ចំណុចផ្តោតសំខាន់របស់កម្មវិធីគាំទ្រសហគ្រាសកសិកម្ម គឺការវិនិយោគ
ផ្តល់នូវការបង្កើនសមត្ថភាព និងការគាំទ្រផែ្នកគ្រប់គ្រងទៅដល់សហគ្រាស
ដែលមានបំណងធានាឲអ្នកផលិតទទួលនូវតម្លៃ សមស្របចំពោះផលិតផល
របស់ខ្លួន ។ សហគ្រាសដែលទទួលបានការគាំទ្រនេះក៏ខិតខំផងដែរក្នុងការ
ធានាដល់អ្នកបរិភោគដើម្បីទទួលបាននូវចំណីអាហារ និងផលិតផលកសិកម្មដែល មានគុណភាព និង សុវត្ថិភាពខ្ពស់ ក៏ដូចជាប្រមូលនូវចំណូលដើម្បី
ផ្គត់ផ្គង់ដល់សកម្មភាពការងារអភិរក្ស និងអភិវឌ្ឍន៍ ផងដែរ ។
សហគ្រាសសំខាន់ៗដែលកាន់កាប់ និងគ្រប់គ្រងដោយសេដាក គឺ៑ៈ
- ហាងកសិផលធម្មជាតិ (ភាគច្រើនមានលក់អង្ករសរីរាង្គ បន្លែ ផ្លែឈើ និងសាច់មាន់
សាច់ជ្រូកផលិតតាមគោលការណ៍ធម្មជាតិ)
- ភោជនីយដ្ឋានបក្សីស្រុក
- ទីផ្សារឧបករណ៍ និងគ្រឿងប្រើប្រាស់កសិកម្មក្នុងស្រុក
- សហករណ៍ឥណទានសេដាកៈ ឯកទេសខាងផ្តល់ឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ សហគ្រាសកសិកម្ម ។
យើងក៏បានធ្វើការគាំទ្រដល់ជំនួញសហគមន៍មួយចំនួនផងដែរដូចជាៈ
- ផ្សារណាត់កសិករ (ជំនួញផ្ទាល់រវាងអ្នកផលិត និងអ្នកបរិភោគ)
- ផ្សារសហគមន៍
- កុងស៊ីកាប់មាន់ និងកុងស៊ីកាប់ជ្រូកតាមសហគមន៍។ល។
បន្ថែមលើនេះទៀត យើងកំពុងតែធ្វើការសិក្សាពីលទ្ធភាព ដើម្បីបង្កើតនូវសហគ្រាស
ផលិតចំណីសត្វ ធម្មជាតិ ជីធម្មជាតិ និងសហគ្រាសផលិតចំណីអាហារ ។
៣.៣.វិទ្យាស្ថានអភិវឌ្ឍន៍មូលដ្ឋាន សេដាក
កម្មវិធីរបស់វិទ្យាស្ថាននឹងធ្វើការផ្តោតសំខាន់លើការបណ្តុះឲមនុស្ស
ចេះមានជំនាញដូចជាៈ សហគ្រិនកសិកម្ម អ្នកដឹកនាំសហគមន៍ អ្នកដឹកនាំអង្គការកសិករ អ្នកដឹកនាំអង្គការជំនួញសហគមន៍ អ្នកជំនាញ
អភិវឌ្ឍន៍ជនបទ និងជាអ្នកធ្វើផែនការអភិវឌ្ឍន៍មូលដ្ឋាន ។
វិទ្យាស្ថាន ក៏នឹងចាត់ចែងឲមានជាបណ្ណាគារមួយដែលផ្តោតសំខាន់លើការលក់ និងចែកចាយឯកសារ ទាក់ទងកសិកម្មបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ។
៤.រចនាសម្ព័ន្ធអង្គការ
- សមាជ ជាសមាជបុគ្គលិក និងមិនមែនជាបុគ្គលិក
- ក្រុមប្រឹក្សាភិបាលសេដាក (មានសមាជិកចំនួន ៧ រូប ដែលធ្វើការបោះឆ្នោតជារៀងរាល់បីឆ្នាំម្តង ដោយសមាជ)
- គណៈកម្មាធិការដឹកនាំសេដាក មានសមាជិកចំនួន ៩ រូប ដែលធ្វើការបោះឆ្នោត ជារៀងរាល់ពីរឆ្នាំម្តងដោយសមាជ
- ក្រុមសម្របសម្រួល សេដាក
- គណៈកម្មាធិការគ្រប់គ្រង ។
|